បញ្ហាព្រំដែន កម្ពុជា-ថៃ ! សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា មិនទទួលស្គាល់ដាច់ខាត ការកែប្រែខ្សែបន្ទាត់ព្រំដែន ឬកាន់កាប់ទឹកដីដោយខុសច្បាប់ 

mnr By mnr February 10, 2026

ភ្នំពេញ ៖ ជុំវិញបញ្ហាព្រំដែនរវាង កម្ពុជា-ថៃ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឱ្យដឹងថា កម្ពុជា មិនទទួលស្គាល់ដាច់ខាត ការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង។

ការលើកឡើងរបស់ សម្ដេច នាយករដ្ឋមន្ដ្រី បន្ទាប់ពីកងទ័ពឈ្លានពានថៃ បាននាំគ្នាដាក់ទូកុងតឺន័រ រាយបន្លាលួស ក្នុងទឹកដីកម្ពុជា ដែលជាអំពើរំលោភបំពានយ៉ាងកំរោលនូវកិច្ចព្រមព្រៀង និងសេចក្តីប្រកាសរួមនានា។

ក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣  នៅព្រឹកថ្ងៃអង្គារ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជំហរពាក់ព័ន្ធនឹងព្រំដែន គឺព្រំដែន កម្ពុជា-ថៃ ជាព្រំដែនអន្ដរជាតិរវាង រដ្ឋ និងរដ្ឋ នឹងត្រូវបានការពារដោយច្បាប់អន្ដរជាតិ ពិសេសធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ហេតុដូច្នេះ កម្ពុជាប្រកាន់ជំហរ ការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ទាំងបច្ចុប្បន្ន និងអនាគត ដោយប្រើប្រាស់គ្រប់មធ្យោបាយដែលកម្ពុជាមានស្របតាមច្បាប់អន្តរជាតិ។

សម្ដេច នាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា «ហើយកម្ពុជា មិនទទួលស្គាល់ដាច់ខាត ការកែប្រែខ្សែបន្ទត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្ដរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង។ កម្ពុជា ប្រកាន់ភ្ជាប់នូវជំហរដោះស្រាយជម្លោះពំ្រដែន កម្ពុជា-ថៃ ដោយសន្ដិវិធី ដោយផ្អែកលើច្បាប់អន្ដរជាតិ ព្រមទាំងកិច្ចព្រៀមព្រៀងទាំងឡាយ ដែលកម្ពុជា និងថៃ ចុះហត្ថលេខាជាមួយគ្នាហើយ»៕

Leave a Reply

Your email address will not be published. Required fields are marked *