៤ខែ ឆ្នាំ២០២៦ អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត ទទួលបានចំណូលជាង ១២លានដុល្លារ

ភ្នំពេញ ៖ រយៈពេល ៤ខែ គិតចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៦ អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត បានផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋសរុបចំនួន ២៧០.២៧៤សេវា ដោយទទួលបានចំណូលសរុបចំនួន ៤៨.៤៥៨.០៣៩.៤៣០រៀល (ស្មើនឹង ១២.១១៤.៥០៩,៨៥ដុល្លារអាម៉េរិក)។

បើតាមរបាយការណ៍ អគ្គនាយកដ្ឋានរដ្ឋបាល ផ្តល់មកកាន់ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ក្នុងចំណោមវិស័យទាំង១៤ប្រភេទសេវានោះ វិស័យផ្តល់ច្រើនជាងគេ គឺវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មាន៨៨.៤៣៨សេវា បន្ទាប់មក គឺវិស័យសាធារណការ និងដឹកជញ្ជូន មាន៨៧.១៩៨សេវា ខណៈសេវាស្នើសុំតិចជាងគេ គឺវិស័យពាណិជ្ជកម្ម ផ្តល់បាន ២សេវា។

ជាមួយគ្នានេះ អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត ក៏បានជំរុញការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅតាមបណ្តាខេត្តគោលដៅចំនួន១២ រួមមាន វិស័យទេសចរណ៍ វប្បធម៌ និងវិចិត្រសិល្បៈ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយទទួលបានចំណូលសរុបចំនួន ៥៤.៤៥០.០០០រៀល៕


