អភិបាលខេត្តកណ្ដាល ស្នើក្រុមហ៊ុន Internet ចូលរួមជាមួយសមត្ថកិច្ច ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កណ្ដាល ៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានស្នើបណ្តាក្រុមហ៊ុនផ្តល់សេវាកម្ម Internet ចូលរួមសហការជាមួយកងកម្លាំង និងអជ្ញាធរមានសមត្ថកិច្ចខេត្ត ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scame Online)។

ក្នុងកិច្ចប្រជុំជាមួយក្រុមហ៊ុនបម្រើសេវាកម្មអ៊ីនធឺណិត ចំនួន ២៣ក្រុមហ៊ុន កំពុងប្រតិបត្តិការអាជីវកម្មក្នុងភូមិសាស្ត្រខេត្តកណ្ដាល នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ លោក អភិបាលខេត្ត បានថ្លែងថា «កិច្ចប្រជុំនេះ មានគោលបំណងសំខាន់ គឺស្នើសុំបណ្តាក្រុមហ៊ុនបម្រើសេវាកម្មអ៊ីនធឺណិតទាំងអស់ ធ្វើកិច្ចសហការឱ្យបានល្អ ជិតស្និទជាមួយកងកម្លំាង និងអជ្ញាធរមានសមត្ថកិច្ច ដើម្បីរួមគ្នាក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online ឱ្យអស់ពីក្នុងមូលដ្ឋានខេត្តកណ្តាល ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងស្មារតីជាតិខ្មែរ ហើយគណៈបញ្ជាការឯកភាពខេត្ត នឹងនៅតែបន្តខិតខំអនុវត្តវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងបំផុតមិនលើកលែង និងឥតឈប់ឈរ ចំពោះសកម្មភាពខុសច្បាប់ទាំងនេះ»។

លោក អភិបាលខេត្ត បានផ្តល់ណែនាំឱ្យក្រុមហ៊ុនផ្តល់សេវា Internet ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះការតភ្ជាប់បណ្តាញជូនអតិថិជន ដែលមានសញ្ញាសង្ស័យ ដូចជា ការតភ្ជាប់នៅពេលយប់ខុសប្រក្រតី ការតភ្ជាប់ដោយលាក់លៀមដោយមិនបានជូនដំណឹងទៅក្រុមហ៊ុន ឬជំនាញដែលមានសមត្ថកិច្ច។
ជាពិសេស ករណីការប្រើប្រាស់អ៊ីនធឺណិតចាប់ពី 100Mbps (Megabits per second) ឡើងទៅ ក្រុមហ៊ុនត្រូវផ្តល់ព័ត៌មានឱ្យបានរហ័ស ជាក់លាក់ ត្រឹមត្រូវអំពីអត្តសញ្ញាណ និងទីតាំងស្នើសុំច្បាស់លាស់ មកកាន់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីតាមដាន និងត្រួតពិនិត្យ៕






