ឧបនាយករដ្ឋមន្រ្តី ស សុខា ណែនាំកម្មករត្រូវប្រុងប្រយ័ត្នចំពោះក្រុមជ្រុលនិយមអូសទាញឱ្យចូលរួមក្នុងចលនាផ្សេងៗ និងសកម្មភាពខុសច្បាប់នានា

ព្រៃវែង ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានថ្លែងប្រាប់កម្មករថា ត្រូវប្រុងប្រយ័ត្នចំពោះក្រុមជ្រុលនិយមអូសទាញឱ្យចូលរួមក្នុងចលនាផ្សេងៗ និងប្រុងប្រយត្នខ្ពស់អំពើការឆបោក និងសកម្មភាពខុសច្បាប់នានា

ការលេីកឡេីងនេះ បានធ្វើឡើងក្នុងឱកាស លោកឧបនាយករដ្ឋមន្រ្តី អញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយកម្មករនិយោជិត រោងចក្រ សហគ្រាស ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ នៅក្រុមហ៊ុន អរិន មេនុហ្វេកធឺរីង(ខ្មែរ) ស្រុកកំចាយមារ ខេត្តព្រៃវែង។
លោកឧបនាយករដ្ឋមន្រ្តី ក៏បានផ្ដល់អនុសាសន៍ដល់ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងកម្មករនិយោជិតទាំងអស់ផ្តោតលើការពង្រឹងសុខដុមនីយកម្មនៅកន្លែងការងារ ដោយជំរុញឱ្យនិយោជក និងកម្មករ សហការគ្នាបង្កើតបរិយាកាសដូចគ្រួសារ មានការយោគយល់ និងសន្តិសុខល្អ ភាគីទាំងអស់ត្រូវគោរពច្បាប់ការងារ និងដោះស្រាយវិវាទតាមយន្តការផ្សះផ្សាដោយសន្តិវិធី ដើម្បីរក្សាស្ថិរភាពផលិតកម្ម កម្មករត្រូវអភិវឌ្ឍជំនាញ និងទទួលយកបច្ចេកវិទ្យាថ្មីៗ ខណៈនិយោជក និងរដ្ឋបន្តលើកកម្ពស់ប្រព័ន្ធឌីជីថល។
ក្រៅពីនេះ លោក ក៏បានណែនាំឱ្យយកចិត្តទុកដាក់លើសុខុមាលភាព និងសុវត្ថិភាព ដោយបង្ក្រាបគ្រឿងញៀន និងល្បែងស៊ីសង ព្រមទាំងលើកកម្ពស់សុខភាពកម្មករ។
លោកឧបនាយករដ្ឋមន្រ្តី ថា «ចំពោះមន្ត្រីគ្រប់លំដាប់ថ្នាក់ ត្រូវបន្តចុះជាប់ជាប្រចាំនៅតាមមូលដ្ឋាន ស្តាប់ និងដោះស្រាយបញ្ហាពលរដ្ឋដោយស្មារតីសាមគ្គីភាព ខណៈកម្មករវិញត្រូវប្រុងប្រយ័ត្នចំពោះក្រុមជ្រុលនិយមអូសទាញឱ្យចូលរួមក្នុងចលនាផ្សេង និងប្រុងប្រយត្នខ្ពស់អំពើការឆបោក និងសកម្មភាពខុសច្បាប់នានា។ក្នុងករណីសង្ស័យ ត្រូវរាយការណ៍ទៅកាន់សមត្ថកិច្ចឬអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត»៕










