អ៊ីស្រាអែលវាយប្រហារលីបង់សម្លាប់បុគ្គលិកជួយសង្គ្រោះ ៣នាក់

នាយករដ្ឋមន្ត្រីលីបង់បានចោទប្រកាន់អ៊ីស្រាអែលពីបទប្រព្រឹត្ត «បទឧក្រិដ្ឋដ៏សាហាវយង់ឃ្នង» ក្នុងការកំណត់គោលដៅ និងសម្លាប់បុគ្គលិកសង្គ្រោះបន្ទាន់ការពារជនស៊ីវិល ដែលក្នុងនោះ៣នាក់ស្ថិតក្នុងចំណោមមនុស្ស៥នាក់ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ២ដងរបស់អ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់។

ក្រសួងសុខាភិបាលលីបង់បាននិយាយថា ការវាយប្រហារ២លើកជាប់ៗគ្នារបស់អ៊ីស្រាអែល លើអគារមួយនៅក្នុងទីក្រុង Majdal Zoun កាលពីថ្ងៃអង្គារទី២៨ ខែមេសាបានសម្លាប់មនុស្ស៥នាក់ រួមទាំងក្រុមអ្នកជួយសង្គ្រោះ៣នាក់ ដែលបានទៅជួយអ្នករងរបួសក្នុងការវាយប្រហារដំបូងរបស់អ៊ីស្រាអែលលើអគារគោលដៅនោះ។
អ្នកនាំពាក្យម្នាក់នៃកងការពារជនស៊ីវិលលីបង់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា អ្នកជួយសង្គ្រោះទាំងបីនាក់ដំបូងឡើយត្រូវបានជាប់នៅក្រោមគំនរបាក់បែកដោយការវាយប្រហារ លើកទី២របស់អ៊ីស្រាអែល ហើយក្រោយមកត្រូវបានគេបញ្ជាក់ថាបានស្លាប់នៅក្នុងការវាយប្រហារនោះ។
ប្រភព: BBC news




