កម្ពុជា តវ៉ាជំទាស់នឹងសកម្មភាពខុសច្បាប់ របស់កងកម្លាំងប្រដាប់អាវុធថៃ ក្នុងការកាន់កាប់ទឹកដីកម្ពុជា
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្តែងនូវការតវ៉ាយ៉ាងខ្លាំងជាផ្លូវការរបស់កម្ពុជា ប្រឆាំងនឹងសកម្មភាពខុសច្បាប់ ដែលធ្វើឡើងដោយកងកម្លាំងប្រដាប់អាវុធថៃ នៅក្នុងទឹកដីកម្ពុជា ដែលថៃបានកាន់កាប់។
ក្នុងការតវ៉ាថ្មីៗនេះ កម្ពុជាបានជំទាស់យ៉ាងដាច់អហង្ការចំពោះការរាំងផ្លូវ តាមរយៈ ការដាក់របាំងកុងតឺន័រ និងការសាងសង់ផ្លូវចូលទៅតំបន់មួយចំនួនក្នុងខេត្តឧត្តរមានជ័យ និងពោធិ៍សាត់ ។
សេចក្តីប្រកាសរបស់ក្រសួងការបរទេស បានឱ្យដឹងថា នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃ បានដាក់កុងតឺន័របិទផ្លូវនៅទីតាំងពីរកន្លែងក្នុងខេត្តឧត្តរមានជ័យ គឺភូមិរួតចំប៉ី និងភូមិអូរខ្លាឃ្មុំ ក្នុងសង្កាត់អូរស្មាច់។ ពីរថ្ងៃក្រោយមក គឺនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃបានចាប់ផ្តើមសាងសង់ផ្លូវមួយខ្សែ ដែលលាតសន្ធឹងចេញ ពីកន្លែងបិទផ្លូវដោយកុងតឺន័រនៅក្នុងភូមិអូរខ្លាឃ្មុំ។ នៅខេត្តពោធិ៍សាត់ កងកម្លាំងប្រដាប់អាវុធថៃបានដាក់ កុងតឺន័របន្ថែម នៅក្នុងឃុំថ្មដា ស្រុកវាលវែង នៅថ្ងៃទី៧ ខែ កុម្ភៈ ឆ្នាំ២០២៦៕







