អភិបាលខេត្តសៀមរាប ណែនាំកងកម្លាំងទាំងអស់ ត្រូវពង្រឹងការពារសន្តិសុខឱ្យបានម៉ឺងម៉ាត់ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

mnr By mnr April 9, 2026

សៀមរាប ៖ លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានណែនាំកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរក្រុង ស្រុកទូទាំងខេត្ត ត្រូវពង្រឹងការងារសន្តិសុខ និងសណ្ដាប់ធ្នាប់ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាបាននូវសុវត្ថិភាព និងភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានមកកម្សាន្តក្នុងខេត្តសៀមរាប នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅខាងមុខនេះ។

លោក ប្រាក់ សោភ័ណណែនាំបែបនេះ ធ្វើឡើងនៅក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ស្ដីពីការពិភាក្សាផែនការការពារ និងសន្ដិសុខសណ្ដាប់ធ្នាប់ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុកផងដែរ។

លោក បន្តថា ក្រៅពីពង្រឹងការងារសន្តិសុខក្នុងឱកាសចូលឆ្នាំថ្មី កងកម្លាំងទាំង ១៣ក្រុង ស្រុក ក៏ត្រូវបន្តជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព រួមទាំងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋធ្វើយ៉ាងណាឲ្យមានប្រសិទ្ធភាព និងឆាប់រហ័ស ជាពិសេសត្រូវយកចិត្តទុកដាក់គ្រប់គ្រងឱ្យបានហ្មត់ចត់នូវមុខសញ្ញាប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ក្មេងទំនើង រួមទាំងបទល្មើសផ្សេងៗទៀត សំដៅចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបឲ្យមានប្រសិទ្ធភាពខ្ពស់។

លោក ក៏បានរម្លឹកដល់រដ្ឋបាលក្រុងស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្ត ត្រូវពង្រឹងការងារសណ្ដាប់ធ្នាប់ អនាម័យ និងគ្រប់គ្រងសំរាមនៅតាមដងផ្លូវក្នុងក្រុងសៀមរាបឱ្យបានល្អប្រសើរ និងជំរុញឱ្យអាជ្ញាធរខេត្ត សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បង្កើតកម្មវិធីកម្សាន្តឱ្យបានច្រើន ជាពិសេសការដឹកនាំរៀបចំការលេងល្បែងប្រជាប្រិយក្នុងឱកាសបុណ្យចូលឆ្នាំ ដើម្បីជាផ្នែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរមកទស្សនាខេត្តសៀមរាបកាន់តែច្រើន៕