ប្រមុខក្រសួងមហាផ្ទៃ ៖ ការបណ្ដុះបណ្ដាលជំនាញបច្ចេកវិទ្យារបស់យុវជនខេត្តព្រៃវែង គឺស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល បានកំណត់យកអាទិភាព «បច្ចេកវិទ្យា» គឺជាគន្លឹះសំខាន់

mnr By mnr April 8, 2026

ព្រៃវែង ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានមានប្រសាសន៍ថា ការបណ្ដុះបណ្ដាលជំនាញបច្ចេកវិទ្យារបស់យុវជនខេត្តព្រៃវែង គឺស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល បានកំណត់យកអាទិភាព «បច្ចេកវិទ្យា» ជាគន្លឹះសំខាន់ ដើម្បីបន្តចាប់យកជំនាញថ្មីៗ។

ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា នាឱកាសអញ្ជើញជាអធិបតីពិធីបិទវគ្គ (ជំនាន់ទី៤) និងបើកវគ្គ (ជំនាន់ទី៥) នៃវគ្គបណ្ដុះបណ្ដាលជំនាញរដ្ឋបាលលើកកុំព្យូទ័រ កាត់តវីដេអូលើកុំព្យូទ័រ និងទូរស័ព្ទដៃ របស់យុវជនខេត្តព្រៃវែង នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ បន្ទាប់ពីមានសិក្ខាកាមចំនួន ៧១៧នាក់ បានបញ្ចប់វគ្គបណ្ដុះបណ្ដាលជំនាញរដ្ឋបាលកុំព្យូទ័រ កាត់តវីដេអូ និងទូរស័ព្ទដៃ ក្រោយពីទទួលបានការបណ្ដុះបណ្ដាលយ៉ាងយកចិត្តទុកដាក់ក្នុងរយៈពេល ៣ខែ។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានកោតសរសើរចំពោះរដ្ឋបាលខេត្តព្រៃវែង បានគិតគូរអំពីថ្នាលបន្តវេនសម្រាប់យុវជន និងការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ តាមរយៈការបង្កបរិយាកាសឱ្យសិស្សានុសិស្ស និងមន្ត្រីបានទទួលបាននូវមូលដ្ឋានគ្រឹះ និងឈានទៅពង្រីកចំណេះដឹងក្នុងការប្រើប្រាស់កុំព្យូទ័រឱ្យកាន់តែទូលំទូលាយ។ 

លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការបណ្ដុះបណ្ដាលជំនាញបច្ចេកវិទ្យានេះ គឺស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលបានកំណត់យកអាទិភាព “បច្ចេកវិទ្យា” ជាគន្លឹះសំខាន់ ដែលជំនាញទាំងអស់នេះ នឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ក្មួយៗប្រែក្លាយជាធនធានមនុស្សប្រកបដោយសក្តានុពល ដើម្បីបន្តចាប់យកជំនាញថ្មីៗ ដូចជាបញ្ញាសិប្បនិម្មិត (AI) ដែលជាការវិវត្តរបស់សកលលោក។ 

លោកឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ផ្ដាំផ្ញើដល់សិក្ខាកាមជំនាន់ថ្មី ឱ្យខិតខំរៀនសូត្រដោយមានវិន័យ ទៀងទាត់ និងអភិវឌ្ឍគំនិតច្នៃប្រឌិតផ្ទាល់ខ្លួនដោយមិនត្រូវចម្លងតែគំរូពីគេឡើយ។ ជាពិសេស ប្រមុខក្រសួងមហាផ្ទៃ ក៏បានដាស់តឿនឱ្យសិក្ខាកាមទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈ កុំឱ្យចេះតែជំនាញផលិតមាតិកា ឬកាត់តវីដេអូបាន តែខ្វះក្រមសីលធម៌ ឬមិនគិតពីច្បាប់ ព្រោះវាអាចបង្កផលប៉ះពាល់ដល់វប្បធម៌ និងអត្តសញ្ញាណជាតិ៕