នគរបាល បង្ក្រាបទីតាំងប្រព្រឹត្តិបទល្មើសអនឡាញ រួមទាំងស្កេម នៅកាស៊ីណូមួយកន្លែង ក្នុងខេត្តស្វាយរៀង ឃាត់ខ្លួនជនពាក់ព័ន្ធ ១០៧នាក់

ស្វាយរៀង ៖ ក្រុមប្រតិបត្តិការចម្រុះ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ ដោយមានការដឹកនាំសម្របសម្រួលនីតិវិធី ពីលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះត្រួតពិនិត្យឆែកឆេរ

ទីតាំងក្រុមហ៊ុនកាស៊ីណូ សៀងហៃ រីហ្សត ស្ថិតក្នុងភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង បន្ទាប់ពីរកឃើញតម្រុយសង្ស័យពាក់ព័ន្ធការលបលួចធ្វើអាជីវកម្មអនឡាញខុសច្បាប់។



ប្រតិបត្តិការនេះ ធ្វើឡើងស្របតាមច្បាប់ និងបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា និងការទទួលដឹកនាំតម្រង់ទិសយ៉ាងគត់ម៉ត់បំផុតពី លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយមាន នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិជាប្រតិបត្តិករដឹកនាំការអនុវត្តយ៉ាងយកចិត្តទុកដាក់។

ជាលទ្ធផល ប្រតិបត្តិការក្នុងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះ កម្លាំងចម្រុះ បានរកឃើញជនបរទេស១០៧នាក់ ក្នុងនោះ មានស្រី២៦នាក់ សរុបស្មើ៤សញ្ជាតិ រួមមានចិន៦៧នាក់ ស្រី៧នាក់ (មានលិខិតឆ្លងដែន៥៨ក្បាល) ឥណ្ឌូនេស៊ី ២១នាក់ ស្រី៩នាក់ (មានលិខិតឆ្លងដែន១៧ក្បាល) មីយ៉ាន់ម៉ា២នាក់ ស្រី (មានលិខិតឆ្លងដែន) និង វៀតណាម១៧នាក់ ស្រី៨នាក់ (មានលិខិតឆ្លងដែន១៧ក្បាល)។
ក្រៅពីជនពាក់ព័ន្ធខាងលើ សមត្ថកិច្ចបានរកឃើញឧបករណ៍-សម្ភារៈ រកឃើញមាន កំព្យូទ័រលើតុ ALL IN ONE ៨៩គ្រឿង កំព្យូទ័រយួរដៃ ៥៧គ្រឿង iPad ៧៣គ្រឿង MONITOR ១គ្រឿង ទូរស័ព្ទដៃចម្រុះម៉ាក ១,៤២១គ្រឿង ម៉ាស៊ីន PRINTER ១គ្រឿង និងទូដែក៧។ នេះបើតាមរបាយការណ៍របស់នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕




