ក្រសួងមុខងារសាធារណៈ បន្តប្រឹងប្រែងឱ្យអស់លទ្ធភាព ដើម្បីសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត ក្នុងគោលបំណងពង្រឹងវិស័យមុខងារសាធារណៈកម្ពុជា

ភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណៈ នៅ ដឺ ព្រេមៀ សេនធ័រ សែនសុខ រាជធានីភ្នំពេញ។

ក្នុងឆ្នាំ២០២៥ ក្រសួងមុខងារសាធារណៈ ក្រោមការដឹកនាំរបស់ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មុខងារសាធារណៈ បានដឹកនាំប្រកបដោយ ឆន្ទៈ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ឈ្លាសវៃ ហ្មត់ចត់ មានចក្ខុវិស័យ និងទស្សនៈវិស័យច្បាស់លាស់ ក្នុងការគ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ ជាពិសេសការអនុវត្តវិធានការគន្លឹះ របស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដោយសម្រេចបាននូវសមិទ្ធផលសំខាន់ៗ ជាច្រើនគួរជាទីមោទនៈ។


ផ្អែកលើទិសដៅការងារដែលបានកំណត់ ក្រសួងមុខងារសាធារណៈ នឹងបន្តប្រឹងប្រែងឱ្យអស់លទ្ធភាពដើម្បី សម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ក្នុងគោលបំណងកែលម្អ និងពង្រឹងវិស័យមុខងារសាធារណៈកម្ពុជា ឱ្យឆ្លើយតប ទៅនឹងការវិវឌ្ឍនៃសង្គមសេដ្ឋកិច្ច និងនយោបាយក្នុងប្រទេស និងសកលលោក។

ក្នុងន័យនេះ រដ្ឋបាលសាធារណៈកម្ពុជា នឹងត្រូវប្រែក្លាយឱ្យកាន់តែមានភាពទំនើប ធន់ ខ្លាំង វៃឆ្លាត គុណភាព ស្អាតស្អំ វិជ្ជាជីវៈ និងមានប្រសិទ្ធភាពក្នុងការបំពេញមុខងារ និងភារកិច្ចរបស់ខ្លួន ដើម្បីបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ៕




