ឯកឧត្តមបណ្ឌិត ងិន បាណាល់ អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា នៅឃុំរក្សជ័យ

ព្រៃវែង ៖ ឯកឧត្តមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាភ្នំ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្ថិតនៅភូមិថ្មីក្រៅ ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។

នៅក្នុងពិធីដ៏មហោឡារិកនេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រុមការងារ ចំណុះឱ្យយន្តការចុះមូលដ្ឋាន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ សកម្មជនគណបក្ស និងបងប្អូនប្រជាពលរដ្ឋ សរុបប្រមាណ ១៦៨នាក់។

ការសម្រេចសាងសង់អគារទីស្នាក់ការគណបក្សនៅភូមិថ្មីក្រៅ ឃុំរក្សជ័យនាពេលនេះ មិនត្រឹមតែជាការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់នូវគុណប្រយោជន៍យ៉ាងច្រើនដូចជា៖ កន្លែងផ្ដល់សេវា និងដោះស្រាយបញ្ហាជូនពលរដ្ឋ ដែលអគារនេះនឹងក្លាយជា «ផ្ទះរួម» សម្រាប់ទទួលស្វាគមន៍ប្រជាពលរដ្ឋដែលមកជួបជុំ ពិភាក្សា និងស្វែងរកដំណោះស្រាយលើបញ្ហាផ្សេងៗនៅក្នុងមូលដ្ឋាន។ វាជាកន្លែងដែលមន្ត្រីបក្ស និងក្រុមការងារ អាចស្ដាប់នូវសំណូមពររបស់ពលរដ្ឋបានកាន់តែជិតស្និទ្ធ។



ទីស្នាក់ការថ្មីនឹងផ្ដល់នូវមជ្ឈមណ្ឌលការងារមួយដ៏សមរម្យ សម្រាប់ថ្នាក់ដឹកនាំបក្សឃុំ និងភូមិ ក្នុងការប្រជុំរៀបចំផែនការសកម្មភាព បូកសរុបលទ្ធផលការងារ និងការចាត់ចែងការងារបម្រើប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានសណ្ដាប់ធ្នាប់។
វត្តមាននៃអគារថ្មីនេះ បង្ហាញពីភាពរឹងមាំ និងការរីកចម្រើនឥតឈប់ឈររបស់គណបក្សប្រជាជនកម្ពុជា។ វាក៏ជាសក្ខីភាពបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់គណបក្ស ក្នុងការនៅកៀកកិតជាមួយប្រជាជនទោះក្នុងកាលៈទេសៈណាក៏ដោយ។


ទីស្នាក់ការនេះនឹងបម្រើជាកន្លែងសម្រាប់រៀបចំសិក្ខាសាលា ការអប់រំសកម្មជន និងការបញ្ជ្រាបចំណេះដឹងអំពីច្បាប់ ក៏ដូចជាគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានជ្រាបកាន់តែច្បាស់។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ងិន បាណាល់ ក៏បានថ្លែងអំណរគុណដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ដែលបានរួមចំណែកទាំងស្មារតី និងថវិកា ដើម្បីឱ្យដំណើរការសាងសង់នេះលេចចេញជារូបរាងឡើង។ ឯកឧត្តមបានបញ្ជាក់ថា សមិទ្ធផលនេះគឺជាកម្លាំងចិត្តថ្មីមួយទៀត សម្រាប់មន្ត្រីបក្សគ្រប់រូបក្នុងការបន្តខិតខំបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត៕










