អភិបាលខេត្តបាត់ដំបង ជំរុញដល់អាជ្ញាធរ ក្រុង ស្រុក ត្រូវពន្យល់ប្រជាពលរដ្ឋកុំឱ្យជ្រួលច្របល់ទិញប្រេងស្តុកទុកក្នុងផ្ទះ ដែលអាចបង្កហានិភ័យ

mnr By mnr March 10, 2026

បាត់ដំបង ៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានជំរុញអាជ្ញាធរ ក្រុង ស្រុក ត្រូវចុះអប់រំណែនាំពន្យល់ប្រជាពលរដ្ឋកុំឱ្យជ្រួលច្របល់ទិញប្រេងស្តុកទុកក្នុងផ្ទះដែលអាចបង្កហានិភ័យ ខណៈប្រេងនៅតែបន្តនាំចូល និងមានក្នុងស្តុកគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តម្រូវការប្រើប្រាស់ប្រចាំថ្ងៃ។

ការជំរុញរបស់ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាការងារត្រៀមរៀបចំព្រឹត្តិការណ៍«សង្ក្រាន្តបាត់ដំបងឆ្នាំ២០២៦»  ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពនានា កងកម្លាំងប្រដាប់អាវុធ អភិបាលក្រុង-ស្រុកទាំង១៤ មន្ត្រីរាជការ និងអ្នកពាក់ព័ន្ធផ្សេងទៀត នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦។

លោក សុខ លូ បានណែនាំដល់មន្ទីរពាណិជ្ជកម្ម  មន្ទីររ៉ែ និងថាមពល មន្ត្រីជំនាញរបស់សាខាក.ប.បខេត្ត និងអាជ្ញាធរក្រុង ស្រុក ត្រូវបន្តចុះត្រួតពិនិត្យតាមដានការស្តុកប្រេងនៅតាមស្ថានីយប្រេងឥន្ធនៈ និងដេប៉ូលក់រាយប្រេងឥន្ធនៈសំដៅទប់ស្កាត់កុំឱ្យមានករណីស្តុកប្រេងចាស់ទុកមិនព្រមលក់ឱ្យអតិថិជនដើម្បីទុកលក់នៅពេលប្រេងឡើងថ្លៃដែលអាចបង្កឱ្យមានភាពចលាចល និងធ្វើឱ្យប្រេងកាន់តែឡើងថ្លៃបន្ថែមទៀត។ 

លោក អភិបាលខេត្ត ណែនាំមន្រ្តីជំនាញ និងអាជ្ញាធរ ត្រូវចុះណែនាំទៅដល់ស្ថានីយប្រេងឥន្ធនៈ និងដេប៉ូលក់រាយប្រេងឥន្ធនៈនៅតាមបណ្តាក្រុង-ស្រុកក្នុងខេត្តបាត់ដំបងដើម្បីធ្វើយ៉ាងណាកុំឱ្យមានការលក់រាយប្រេងឥន្ធនៈលើសពីតម្លៃដែលបានកំណត់ដោយក្រសួងពាណិជ្ជកម្ម  និងជំរុញឱ្យម្ចាស់ស្ថានីយ-ដេប៉ូ លក់ប្រេងឥន្ធនៈបើកដំណើរការអាជីវកម្មលក់ប្រេងឥន្ធនៈជាធម្មតាប្រកបដោយគុណភាពតាមបទដ្ឋានកំណត់ដោយមិនត្រូវឆ្លៀតឱកាសដំឡើងថ្លៃខុសប្រក្រតីឡើយ៕