នាវាមុជទឹកអាមេរិកបាញ់ពន្លិចនាវាចម្បាំងអ៊ីរ៉ង់នៅស្រីលង្កា បណ្តាលឲ្យស្លាប់យ៉ាងតិច ៨០នាក់

ហ្គាលឡេ ស្រីលង្កា៖ រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Pete Hegseth បាននិយាយកាលពីថ្ងៃពុធ ទី៤ ខែមីនា ថា នាវាមុជទឹកអាមេរិកមួយគ្រឿងបានពន្លិចនាវាចម្បាំងអ៊ីរ៉ង់មួយគ្រឿងនៅឯឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសស្រីលង្កា។

អនុរដ្ឋមន្ត្រីការបរទេសស្រីលង្កាបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៨០ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារលើនាវាចម្បាំង IRIS Dena ដែលកំពុងធ្វើដំណើរត្រឡប់ទៅប្រទេសអ៊ីរ៉ង់វិញពីកំពង់ផែភាគខាងកើតនៃប្រទេសឥណ្ឌា។

លោក Hegseth បានថ្លែងនៅមន្ទីរបញ្ចកោណថា «នាវាមុជទឹកអាមេរិកមួយគ្រឿងបានពន្លិចនាវាចម្បាំងអ៊ីរ៉ង់មួយគ្រឿងដែលគិតថាវាមានសុវត្ថិភាពនៅក្នុងដែនទឹកអន្តរជាតិ»។ «ផ្ទុយទៅវិញ វាត្រូវបានលិចដោយមីស៊ីល torpedo។ វាជាការស្លាប់ដ៏ស្ងប់ស្ងាត់»។

ជាក់ស្តែងនាវាអ៊ីរ៉ង់មួយគ្រឿងនេះ ត្រឡប់ពីការចូលរួមក្នុងសមយុទ្ធកងទ័ពជើងទឹកមួយដែលបានធ្វើឡើងនៅឈូងសមុទ្របេងហ្គាល់ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៥ ខែកុម្ភៈ នេះយោងតាមគេហទំព័ររបស់កម្មវិធីសមយុទ្ធ។
ប្រភព: CNA news


