រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ជឿជាក់ថា រាជធានីភ្នំពេញនឹងក្លាយជាក្រុងរដ្ឋបាលម៉េត្រូប៉ូលីតែនឈានមុខគេ នាពេលអនាគត សម្រាប់ប្រទេសកម្ពុជា

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានបង្ហាញក្តីជឿជាក់យ៉ាងមុតមាំថា រាជធានីភ្នំពេញនឹងវិវត្តន៍ខ្លួនទៅជាទីក្រុងរដ្ឋបាលម៉េត្រូប៉ូលីតែនដ៏មានសក្តានុពល និងឈានមុខគេមួយនាពេលអនាគតសម្រាប់ប្រទេសកម្ពុជា។

ថ្លែងក្នុងពិធីបើកសិក្ខាសាលា ស្តីពីការចែករំលែកចំណេះដឹង និងបទពិសោធនៃប្រព័ន្ធរដ្ឋបាលម៉េត្រូប៉ូលីតែន នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គ្រប់រាជធានី-ខេត្ត ពីនេះទៅមុខអាចនឹងប្រែក្លាយទៅជារាជធានី-ខេត្តដែលមានប្រព័ន្ធម៉េត្រូប៉ូលីតែន ដើម្បីធានាបាននូវការគ្រប់គ្រងដែនដី ការរៀបចំផែនការអភិវឌ្ឍន៍ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងឆាប់រហ័ស។

ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា លក្ខខណ្ឌចម្បងៗដែលរាជធានី-ខេត្តអាចរៀបចំជាប្រព័ន្ធរដ្ឋបាលម៉េត្រូប៉ូលីតែនបាន គឺត្រូវផ្អែកលើកត្តាសំខាន់ចំនួន ៣ រួមមាន ទី១-ចំនួនដង់ស៊ីតេប្រជាពលរដ្ឋ ទី២ -សក្តានុពលសេដ្ឋកិច្ច និងទី៣-ការរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធ។



ផ្អែកលើមូលដ្ឋាននៃចំណុចទាំង ៣ នេះហើយ ទើប លោកឧបនាយករដ្ឋមន្ត្រី បង្ហាញក្តីជឿជាក់យ៉ាងមុតមាំថា «រាជធានីភ្នំពេញពិតជាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងស័ក្តិសមបំផុតជារាជធានី និងជាក្រុងម៉េត្រូប៉ូលីតែនឈានមុខគេ ដែលនឹងក្លាយជាគំរូសម្រាប់បណ្តាខេត្តសក្តានុពលផ្សេងៗទៀត ក្នុងការបន្តរៀបចំរចនាសម្ព័ន្ធនេះជាបន្តបន្ទាប់»។

ទន្ទឹមនឹងនេះ ប្រមុខក្រសួងមហាផ្ទៃ ក៏បានទាញចំណាប់អារម្មណ៍ ដោយបង្ហាញការកត់សម្គាល់ពីបទពិសោធជោគជ័យនៃបណ្ដាទីក្រុងធំៗក្នុងតំបន់មួយចំនួន ដូចជា ទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលមានប្រព័ន្ធរដ្ឋបាលម៉េត្រូប៉ូលីតែន គ្របដណ្ដប់លើការគ្រប់គ្រងតំបន់រដ្ឋបាលពិសេសចំនួន ២៣ខណ្ឌ និងមានកញ្ចប់ថវិកាផ្ទាល់ខ្លួនខ្ពស់ជាងបណ្ដាខេត្តដទៃទៀត៕



