លោក ឃួង ស្រេង ៖ ដំណាច់ខែកុម្ភៈ នេះ នៅរាជធានីភ្នំពេញត្រូវតែបោសសម្អាត និងប្រយុទ្ធប្រឆាំងឱ្យអស់ នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)

mnr By mnr February 26, 2026

ភ្នំពេញ ៖ នៅដំណាច់ខែកុម្ភៈនេះ នៅរាជធានីភ្នំពេញត្រូវតែបោសសម្អាត និងប្រយុទ្ធប្រឆាំងឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ដោយតាមផែនការរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាឱ្យបោសសម្អាតឱ្យអស់នៅត្រឹមពាក់កណ្តាលខែមីនាឆ្នាំ២០២៦ខាងមុខនេះ។

នេះជាការលើកឡើងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្នុងអង្គប្រជុំស្តីពីវឌ្ឍនភាពការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានបញ្ជាក់ច្បាស់ថា តាមអនុសាសន៌ណែនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ត្រូវធ្វើការបោសសម្អាតនិងប្រយុទ្ធប្រឆាំងឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ព្រោះប្រទេសកម្ពុជាទទួលយកតែសេដ្ឋកិច្ចព័ណស មិនមែនប្រផេះឬខ្មៅទេ។

លោក ឃួង ស្រេង បានបន្ដថា តាមផែនការរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺបានណែនាំឱ្យអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចរបស់យើងទាំងអស់បោសសម្អាត និងប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នេះឱ្យអស់ត្រឹមពាក់កណ្តាលខែមីនាឆ្នាំ២០២៦នេះ៕