សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តបង្ក្រាបបណ្ដាញឆបោក Online Scams ដោយមិនលើកលែង និងមិនបង្អង់ដៃឡើយ

ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តបង្ក្រាបបណ្ដាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយមិនលើកលែង និងមិនបង្អង់ដៃឡើយ។

នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី ក្រោមអធិបតីភាព សម្ដេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅវិមានសន្ដិភាព។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះយន្ដការពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញភារកិច្ចបានយ៉ាងល្អ ក្នុងការបង្ក្រាបបណ្ដាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយទទួលបាននូវលទ្ធផលយ៉ាងធំធេងជាបន្ដបន្ទាប់។
ប៉ុន្ដែ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបង្ក្រាបបណ្ដាញឆបោកដែលនៅសេសសល់ ដោយមិនលើកលែង និងមិនបង្អង់ដៃឡើយ៕



