នគរបាល ណែនាំសន្ដិសុខឯកជន រាយការណ៍ករណីសង្ស័យទីតាំងប្រព្រឹត្តបទល្មើស Online Scams

mnr By mnr August 27, 2026

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានណែនាំដល់ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ត្រូវបន្ដរាយការណ៍ករណីសង្ស័យទីតាំងប្រព្រឹត្តបទល្មើស Online Scams ទៅកាន់សមត្ថកិច្ចជំនាញ ឬអាជ្ញាធរមូលដ្ឋាន និងមិនត្រូវគប់គិតជាមួយឧក្រិដ្ឋជនប្រព្រឹត្តបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅតាមទីតាំងដែលខ្លួនទទួលខុសត្រូវដាច់ខាត។

ក្នុងពិធីបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជនលើកទី៨៩ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានគូសបញ្ជាក់ថា ភ្នាក់ងារសន្តិសុខឯកជន គឺជាកម្លាំងដ៏សំខាន់ ក៏ជាមួយកម្លាំងមួយដ៏មានតម្លៃ ក្នុងការចូលរួមការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ជូនអ្នកវិនិយោគ ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល ដូចពាក្យថា «មានសន្តិសុខ សុវត្ថិភាពល្អ គឺអ្នកសម្រានលក់ស្រួល»។

បើតាមលោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី, ប្រសិនបើមានភ្នាក់ងារសន្តិសុខឯកជន ការពារសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់បានល្អប្រើសើរហើយ ប្រជាពលរដ្ឋ ឬអ្នកវិនិយោគ មិនភិតភ័យ ឬមានហានិភ័យ ណាមួយដែលប៉ះពាល់សន្តិសុខ សុវត្ថិភាពរបស់ទាំងអស់គ្នា ហើយក៏បានសម្រាលនូវកិច្ចការងាររបស់សមត្ថកិច្ចនគរបាលមួយចំនួនផងដែរ។

លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានអះអាងថា វិស័យសន្តិសុខឯកជន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែក ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ស្ថេរភាពនយោបាយ ជូនសង្គមជាតិទាំងមូល និងជាកម្លាំងជំនួយដល់សមត្ថកិច្ច ក្នុងការចូលរួមសហការ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស៕