ត្រីបាណន់គីង្គក់មួយក្បាល ហែលបង្អួតខ្លួន នៅប្រជុំកោះស្តេច ក្នុងស្រុកគិរីសាគរ

កោះកុង ៖ ថ្មីៗនេះ ត្រីបាណន់គីង្គក់មួយក្បាលបានហែលមកក្បែរទូកដាក់ពង្រាយសំណង់ជម្រកត្រីសិប្បនិម្មិត របស់ក្រុមការងារអង្គការអភិរក្ស MCC នៅប្រជុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង។

ជាទូទៅ ត្រីបាឡែនវ័យជំទង់តែងតែបង្ហាញនូវការចង់ដឹងចង់ឃើញពីមជ្ឈដ្នានធម្មជាតិខាងក្រៅ ដែលធ្វើឱ្យពួកវាហែលមកជិតទូក និងអ្នកជ្រមុជទឹក មុនពេលហែលត្រឡប់ទៅបាតសមុទ្រវិញ។
សូមជម្រាបថា បាណន់គីង្គក់ គឺជាប្រភេទត្រីកម្រជិតផុតពូជ។ ជាទូទៅគេប្រទះឃើញវាប្រមាណ១០ដងក្នុងមួយឆ្នាំៗ នៅប្រជុំកោះរ៉ុង កោះតាង និងកោះស្តេច។ ត្រីបាណន់គីង្គក់ មានប្រវែងរហូតដល់៦ម៉ែត្រ និងអាយុវែងរហូតដល់ជាង១០០ឆ្នាំ។ វាស៊ីកូនបង្គា មឹក និងកូនត្រី ជាអាហារ។

ត្រីមួយប្រភេទនេះ ស្ថិតក្នុងក្រុមរងគ្រោះជិតផុតពូជ ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល លេខ១២៣ អនក្រ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ និងសៀវភៅក្រហមរបស់ IUCN ផងដែរ៕





