ឯកឧត្តមបណ្ឌិត ងិន បាណាល់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារពហុបំណង នៅទីស្នាក់ការគណបក្សស្រុកបាភ្នំ

mnr By mnr August 16, 2026

ព្រៃវែង ៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកបាភ្នំ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានទី1 ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីក្រុងពាលី និងបញ្ចុះបឋមសិលាសាងសង់អគារពហុបំណងថ្មី នៅទីស្នាក់ការគណបក្សស្រុកបាភ្នំ ខេត្តព្រៃវែង។

ពិធីនេះត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធម ដោយមានការចូលរួមពីសំណាក់អនុប្រធានក្រុមការងារ សមាជិក សមាជិកា ក្រុមការងារចុះមូលដ្ឋានថ្នាក់ស្រុក-ឃុំ អាជ្ញាធរដែនដី និងមន្ត្រីគណបក្ស យ៉ាងច្រើនកុះករ។

នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ងិន បាណាល់ បានពាំនាំនូវសារសួរសុខទុក្ខ និងក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់ថ្នាក់ដឹកនាំគណបក្សគ្រប់ថ្នាក់ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីគណបក្ស និងប្រជាពលរដ្ឋទាំងអស់ក្នុងស្រុកបាភ្នំ។ ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់ថា ការសាងសង់អគារពហុបំណងនាពេលនេះ ជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី ដែលជាសមិទ្ធផលថ្មីមួយទៀត ដែលកើតចេញពីស្មារតីរួបរួមសាមគ្គីភាព និងការខិតខំប្រឹងប្រែងរួមគ្នា ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ក្នុងការបំពេញការងារ ការជួបប្រជុំពិភាក្សា ការបណ្តុះបណ្តាលជំនាញ និងការផ្តល់សេវាផ្សេងៗជូនសមាជិកគណបក្សក៏ដូចជាប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព និងភាពងាយស្រួល។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ងិន បាណាល់ ក៏បានផ្តាំផ្ញើនូវសារសំខាន់ៗ និងអនុសាសន៍ណែនាំជាច្រើនដល់ក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តចុះជួបសម្តែងការសួរសុខទុក្ខ និងក្តាប់ឱ្យជាប់នូវសុខទុក្ខ ក៏ដូចជាជីវភាពរស់នៅជាក់ស្តែងរបស់ប្រជាពលរដ្ឋតាមខ្នងផ្ទះ ដោយមិនត្រូវមើលរំលងបញ្ហាប្រឈមណាមួយឡើយ។

ទន្ទឹមនេះ ត្រូវបន្តយកចិត្តទុកដាក់ និងផ្តល់ការគាំទ្រទាំងស្មារតី សម្ភារ និងថវិកាជាប្រចាំ ជូនដល់គ្រួសារយោធិនដែលកំពុងឈរជើងនៅសមរភូមិមុខ គ្រួសារវីរយុទ្ធជនពលី និងជនភៀសសឹកនៅក្នុងស្រុកបាភ្នំ ដើម្បីធានាថាពួកគាត់ទទួលបាននូវការថែទាំ និងការលើកទឹកចិត្តយ៉ាងកក់ក្តៅបំផុត។ យើងទាំងអស់គ្នាត្រូវរួមគ្នាក្នុងស្មារតីតែមួយដើម្បីថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសុវត្ថិភាពក្នុងមូលដ្ឋាន ព្រមទាំងបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ តម្លាភាព និងមិនរើសអើង។

ជារួម សមិទ្ធផលអគារពហុបំណងថ្មីនេះ មិនត្រឹមតែជាទីតាំងបម្រើឱ្យការងាររដ្ឋបាល បណ្តុះបណ្តាល និងការជួបជុំផ្សេងៗរបស់គណបក្សស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជានិមិត្តរូបនៃភាពរីកចម្រើន និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាភ្នំ ក្នុងការរួមគ្នាកសាង និងអភិវឌ្ឍន៍ស្រុកបាភ្នំឱ្យកាន់តែមានភាពសំបូរសប្បាយ និងរុងរឿងតទៅមុខទៀត៕