ប្រតិបត្តិការ ចុះត្រួតពិនិត្យទីតាំងសង្ស័យលបលួចប្រព្រឹត្តបទល្មើស Online Scams ក្នុងក្រុងប៉ោយប៉ែត បានរកឃើញ និងបង្រ្កាបជនបរទេស ១៣២នាក់

mnr By mnr June 1, 2026

បន្ទាយមានជ័យ ៖ កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ និងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បន្ដចុះត្រួតពិនិត្យទីតាំងចំនួន៣ សង្ស័យលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានរកឃើញ និងបង្រ្កាបជនបរទេសចំនួន ១៣២នាក់ និងសម្ភារវត្ថុតាងសង្ស័យបម្រើឱ្យការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) មួយចំនួន។

ប្រតិបត្តិការនេះ អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក  អ៊ី សុខឃី ឣគ្គស្នងការរងនគរបាលជាតិ និងមានការចូលរួមពីកម្លាំងគណៈបញ្ជាការឯកភាពខេត្ត។

ក្រោមការសម្របសម្រួលនីតិវិធីពី លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង ត្រួតពិនិត្យអគារស្នាក់នៅចំនួន០៣ ទីតាំង ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ពាក់ព័ន្ធករណីសង្ស័យរស់នៅប្រមូលផ្តុំ និងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានរកឃើញនិងបង្រ្កាប ជនបរទេសចំនួន ១៣២នាក់ នៅទីតាំងទី៣ ដែលមានអគារ G99 ស្ថិតនៅភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនិងសម្ភារវត្ថុតាងសង្ស័យបម្រើអោយការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)មួយចំនួន។

សូមបញ្ជាក់ថា បច្ចុប្បន្ន ជនបរទេសរួមទាំងជនជាតិខ្មែរនៅទីតាំងនោះ សរុបចំនួន ១៥២ នាក់ ស្រី៤៦នាក់ (ខ្មែរចំនួន៨នាក់ ស្រី) ត្រូវបានបញ្ជូនទៅរក្សាទុកនៅមណ្ឌលកងវ៉ាដើម្បីបន្តនីតិវិធី៕