ឯកឧត្តមបណ្ឌិត ងិន បាណាល់ អំពាវនាវដល់ជនរួមជាតិទាំងអស់ ត្រូវប្រឆាំងដាច់ខាតរាល់ឧបាយកលទាំងឡាយណាប៉ុនប៉ងបំផ្លាញសុខសន្តិភាព

mnr By mnr May 22, 2026

ព្រៃវែង ៖ ឯកឧត្តមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាភ្នំ បានអំពាវនាវដល់ជនរួមជាតិ ពិសេសយុវជនជំនាន់ក្រោយ ត្រូវរួមគ្នារក្សាការពារសន្តិភាព ស្ថិរភាពនយោបាយឱ្យបានគង់វង្ស ហើយប្រឆាំងដាច់ខាតរាល់ឧបាយកលទាំងឡាយណាប៉ុនប៉ងបំផ្លាញសុខសន្តិភាព។

ការអំពាវនាវរបស់ ឯកឧត្តមបណ្ឌិត ងិន បាណាល់ នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីមីទ្ទិញរំលឹកខួប «ទិវាជាតិនៃការចងចាំ ២០ ឧសភា» នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងារ ក៏បានដាស់តឿនស្មារតីជនរួមជាតិឱ្យយល់ច្បាស់ពីតម្លៃនៃសន្តិភាព និងបានគូសបញ្ជាក់ពីសារប្រវត្តិសាស្ត្រនៃការចងចាំនូវសោកនាដកម្មដែលបង្កឡើងដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ឯកឧត្តមបណ្ឌិត បានលើកឡើងថា ថ្ងៃទី «២០ ឧសភា» គឺជាដំបៅប្រវត្តិសាស្ត្រដ៏ឈឺចាប់ ដែលរបបអាវខ្មៅបានទម្លាក់មាតុភូមិអង្គរឱ្យធ្លាក់ទៅក្នុងវាលពិឃាតដ៏ខ្មៅងងឹត អស់រយៈពេល ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ។ ជាមួយគ្នានេះ ឯកឧត្តមបានលំឱនកាយវាចាចិត្តសម្តែងនូវសេចក្តីគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះគុណបំណាច់ដ៏មហាសាលរបស់ សម្តេចតេជោ ហ៊ុន សែន ព្រមទាំងឥស្សរជនស្នេហាជាតិដទៃទៀត ដែលបានយកជីវិតធ្វើជាដើមទុនបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា រំដោះប្រជាជនឱ្យរស់រានមានជីវិតឡើងវិញនៅថ្ងៃទី ៧ មករា ១៩៧៩ ព្រមទាំងបាននាំមកនូវសន្តិភាពពេញលេញ និងការឯកភាពទឹកដីទាំងស្រុងតាមរយៈ «នយោបាយឈ្នះ-ឈ្នះ» នៅចុងឆ្នាំ ១៩៩៨។

ឯកឧត្តមបណ្ឌិត ងិន បាណាល់ បានសង្កត់ធ្ងន់ថា ការចងចាំប្រវត្តិសាស្ត្រនេះ មិនមែនដើម្បីបង្កើតការគុំកួន ឬសងសឹកនោះទេ ប៉ុន្តែគឺដើម្បីដឹងគុណវីរជន ឆ្លុះបញ្ចាំងមេរៀនអតីតកាលមិនឱ្យកើតឡើងវិញ និងដើម្បីរួមគ្នារក្សាតម្លៃសន្តិភាពដែលមិនមែនបានមកដោយចៃដន្យនោះឡើយ។

ទន្ទឹមនឹងការលើកឡើងពីមេរៀនប្រវត្តិសាស្ត្រ ឯកឧត្តមបណ្ឌិត ក៏បានលើកឡើងពីទំនាក់ទំនងអន្តរជាតិ និងបញ្ហាប្រឈមបច្ចុប្បន្ន ដោយបានកត់សម្គាល់ថា នាពេលកន្លងមក ភាគីថៃតែងតែមើលស្រាល និងបង្កើតភាពរកាំរកូស ក៏ដូចជាជម្លោះជាមួយកម្ពុជា ដើម្បីតែផលចំណេញនយោបាយ និងសេដ្ឋកិច្ចផ្ទាល់ខ្លួន ដោយភ្លេចគិតថាវាជាការលើកដុំថ្មទម្លាក់លើជើងខ្លួនឯង និងបំផ្លាញទំនុកចិត្តក្នុងនាមជាប្រទេសជិតខាង។

ឆ្លើយតបទៅនឹងបរិបទនេះ ឯកឧត្តមបណ្ឌិត បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះកម្លាំងសាមគ្គីភាពរបស់ប្រជាជនខ្មែរ តាមរយៈ «យុទ្ធនាការធ្វើពហិការមិនប្រើប្រាស់ទំនិញថៃ» នៅក្នុងឆ្នាំ២០២៦ នេះ ដោយចាត់ទុកថា នេះមិនមែនគ្រាន់តែជាប្រតិកម្មតបតធម្មតានោះទេ ប៉ុន្តែវាបានផ្តល់នូវគុណសម្បត្តិ និងផលចំណេញជាយុទ្ធសាស្ត្រដ៏មហាសាលជូនជាតិមាតុភូមិ ក្នុងការប្រែក្លាយទៅជាកម្លាំងរុញច្រានសេដ្ឋកិច្ច តាមរយៈការគាំទ្រផលិតផលជាតិ និងពង្រឹងកម្លាំងផ្ទៃក្នុងឱ្យកាន់តែរឹងមាំ ដើម្បីបង្ហាញថា កម្ពុជាមិនមែនជាប្រទេសដែលគេងាយនឹងធ្វើបាប មើលងាយ ឬបង្កជម្លោះតាមចិត្តចង់នោះឡើយ។

ឯកឧត្តមបណ្ឌិត ងិន បាណាល់ បានអំពាវនាវដល់បងប្អូនជនរួមជាតិ ជាពិសេសយុវជនជំនាន់ក្រោយ ដែលជាសសរទ្រូងប្រទេសជាតិ ត្រូវរួមគ្នារក្សាការពារសន្តិភាព ស្ថិរភាពនយោបាយឱ្យបានគង់វង្ស ប្រឆាំងដាច់ខាតរាល់ឧបាយកលទាំងឡាយណាដែលប៉ុនប៉ងបំផ្លាញសន្តិភាព និងត្រូវខិតខំសិក្សាឈ្វេងយល់ពីប្រវត្តិសាស្ត្រពិត ដើម្បីយកស្មារតីនេះធ្វើជាចលករក្នុងការអភិវឌ្ឍសមត្ថភាព ចំណេះដឹង និងសីលធម៌ ចូលរួមចំណែកកសាងមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើន និងមានកិត្យានុភាពនៅលើឆាកអន្តរជាតិ៕