អភិបាលខេត្តបាត់ដំបង ណែនាំអាជ្ញាធរត្រូវពង្រឹងការទប់ស្កាត់បទល្មើសឆ្លងដែន ឱ្យមានប្រសិទ្ធភាព

mnr By mnr May 13, 2026

បាត់ដំបង ៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានណែនាំអាជ្ញាធរពាក់ព័ន្ធ ត្រូវពង្រឹងការទប់ស្កាត់បទល្មើសឆ្លងដែន និងបទល្មើសគ្រប់ប្រភេទ ឱ្យមានប្រសិទ្ធភាពបំផុត។

ការណែនាំរបស់ លោក សុខ លូ នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែមេសា កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦។

បន្ទាប់ពីស្តាប់របាយការណ៍ លោក ធូ ភា អភិបាលរងខេត្ត រួចមក លោក សុខ លូ បានមានប្រសាសន៍ណែនាំដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវពង្រឹងការទប់ស្កាត់បទល្មើសឆ្លងដែន និងបទល្មើសគ្រប់ប្រភេទឱ្យមានប្រសិទ្ធភាពបំផុត។

ក្នុងនោះដោយសាររដូវវស្សាខិតជិតចូលមកដល់ លោក អភិបាលខេត្ត បានជំរុញឱ្យអាជ្ញាធរ មន្ត្រីជំនាញ និងកងកម្លាំងត្រូវពង្រឹងបង្រ្កាបទប់ស្កាត់ បទល្មើសនេសាទខុសច្បាប់ និងបទល្មើសធនធានធម្មជាតិផ្សេងៗ ដើម្បីរួមគ្នាថែរក្សាការពារធនធានធម្មជាតិ។

លោក បានណែនាំដល់សមត្ថកិច្ច និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តឱ្យបន្តទប់ស្កាត់ និងបង្ក្រាបការចរាចរណ៍រថយន្តកែច្នៃខុសបច្ចេកទេស រថយន្តដឹកលើសចំណុះ ដែលអាចបង្កគ្រោះថ្នាក់ចរាចរណ៍និងភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ៕