រាជរដ្ឋាភិបាលកម្ពុជា កំពុងជំរុញបន្ថែមទៀត ការរៀបចំឯកសារ ដើម្បីចុះបញ្ជីបេតិកភណ្ឌវប្បធម៌ជាច្រើនទៀតរបស់កម្ពុជា

mnr By mnr May 12, 2026

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញបន្ថែមទៀត ការរៀបចំឯកសារ ដើម្បីចុះបញ្ជីបេតិកភណ្ឌវប្បធម៌ជាច្រើនទៀតរបស់កម្ពុជា ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO ។

នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យ លោក Flavio Bonetti តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ 

ក្នុងឱកាសនៃជំនួបនេះ លោក Flavio Bonetti បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងរាជរដ្ឋាភិបាល និងអង្គការយូណេស្កូ ក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌ និងការអភិវឌ្ឍវិស័យអប់រំ នៅកម្ពុជា។

លោក Flavio Bonetti បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្ត ក្នុងការបន្តពង្រឹងនិងពង្រីកភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត។ 

ជាការឆ្លើយតប សម្ដេចធិបតី បានគូសបញ្ជាក់ថា ការអភិរក្សបេតិកភណ្ឌវប្បធម៌រូបិយ និងអរូបិយ មិនត្រឹមតែមានសារៈសំខាន់សម្រាប់ប្រជាជនកម្ពុជា និងយុវជនជំនាន់ក្រោយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានតម្លៃមហាសាលសម្រាប់មនុស្សជាតិទូទាំងសកលលោកផងដែរ។

ទន្ទឹមនឹងនេះ សម្ដេចធិបតី បានលើកឡើងបន្ថែមថា ការអភិរក្សបេតិកភណ្ឌវប្បធម៌នៅតែជាអាទិភាពដ៏សំខាន់របស់កម្ពុជា ហើយ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាសេនាធិការ បាននិងកំពុងជំរុញបន្ថែមទៀត ការរៀបចំឯកសារ ដើម្បីចុះបញ្ជីបេតិកភណ្ឌវប្បធម៌ជាច្រើនទៀតរបស់កម្ពុជា ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO៕